កាលបរិច្ឆេទ: ១០ សីហា ២០២២ / សុខភាព
មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាប្រចាំនៅទីក្រុង Atsugi ក្នុងខេត្ត Kanagawa នៃប្រទេសជប៉ុន ត្រូវបានបើកឲ្យដំណើរការជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅនេះ ក្រោមវត្តមានរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ផលិតផលក្រុមហ៊ុនខនហ្វីរេល ជាផលិតផលដ៏សំខាន់មួយក្នុងចំណោមផលិតផលសំខាន់នានា ដែលត្រូវបានដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌល។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលនេះ គេឃើញមានវត្តមានឥស្សរជនជាន់ខ្ពស់ជាច្រើនរូបដូចជា លោក Taro Kono តំណាងរាស្រ្ត និងជាអតីតរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Akira Amari លោក Imamura Masahiro តំណាងរាស្រ្ត និងជាប្រធានសម្ព័ន្ធសភាកម្ពុជា-ជប៉ុន លោក Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងលោក Masahiro Hirabayashi អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ព្រមទាំងសមាជិកសភា និងព្រឹទ្ធសភា សមាជិកសភាតំបន់ ឯកអគ្គរដ្ឋទូត អភិបាលស្រុក តំណាងសភាពាណិជ្ជកម្ម និងតំណាងសមាគមអាជីវកម្ម។
មជ្ឈមណ្ឌលនេះគឺជាមធ្យោបាយមួយដ៏សំខាន់សម្រាប់ឲ្យគេស្គាល់ពីប្រទេសកម្ពុជា -ផលិតផលរបស់ខ្មែរ និងជាឱកាសដ៏ល្អសម្រាប់ការធ្វើអាជីវកម្ម និងធ្វើឲ្យវិនិយោគិនទាំងអស់ ព្រមទាំងសាធារណរជនជប៉ុន បានយល់ដឹងពីបទប្បញ្ញត្តិនានា។
ផលិតផលរបស់ក្រុមហ៊ុន ខនហ្វីរេល ត្រូវបានគេស្គាល់ និងចាប់អារម្មណ៍នៅប្រទេសជប៉ុន រួចទៅហើយ ហើយស្ករត្នោត(Thnot) ត្រូវបានទស្សនាវដ្តីជប៉ុនឈ្មោះ Kingdom Cuisine ទទួលស្គាល់កាលពីឆ្នាំ២០១២ថាជាផលិតផលមួយក្នុងចំណោមផលិតផលល្អដាច់គេទាំង១០០មុខនៅអាស៊ី។ ដូច្នេះហើយ តាមរយៈគុណភាពរបស់ផលិតផលខ្លួន ក្រុមហ៊ុនខនហ្វីរេលពិតជារីករាយនឹងធ្វើយ៉ាងណាឲ្យប្រទេសជប៉ុនទទួលស្គាល់សក្កានុពលរបស់ប្រទេសកម្ពុជា។
ជាក់ស្តែង កាលពីថ្ងៃទី២៦រហូតដល់ថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះ ក្រុមហ៊ុន ខនហ្វីរេល មានឱកាសបានចូលរួមតាំងពិព័រណ៍ BioFach 2022 ដែលជាពិព័រណ៍ចំណីអាហារ និងផលិតផលកសិកម្មសរីរាង្គដ៏ធំជាងគេនៅប្រទេសអាល្លឺម៉ង់ និងដែលបានប្រព្រឹត្តទៅនៅទីក្រុង Nuremberg ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុនសហគ្រាសប្រមាណជាង៣២០០ក្រុមហ៊ុនបានដាក់តាំងផលិតផលរបស់ខ្លួន និងមានអ្នកទស្សនាដែលជាអ្នកមានអាជីពនៅក្នុងវិស័យនេះប្រមាណជាង៥១០០០នាក់ផងដែរ។ ក្នុងឱកាសនោះដែរ ក្រុមហ៊ុន ខនហ្វីរេល បានដាក់តាំងបង្ហាញផលិតផលថ្មីរបស់ខ្លួន ដែលទើបតែបង្កើតឡើងជាពិសេសគឺ ស្រា Jaya Blue និងស្រា Jaya Extra ផលិតផល Kirum និងដំណាប់ស្វាយរមូរ (Thnot)៕